15 សីហា 2025
ផ្នែកទី ១- គោលការណ៍គ្រឹះនៃវិជ្ជាជីវៈមេធាវី
១- ឯករាជ្យភាព និងសេរីភាពនៃវិជ្ជាជីវៈមេធាវី
វិជ្ជាជីវៈមេធាវីជាវិជ្ជាជីវៈឯករាជ្យ និងសេរីដែលចូលរួមបម្រើវិស័យយុត្តិធម៌ និងប្រព្រឹត្តទៅបានតែក្នុងក្របខ័ណ្ឌនៃគណៈមេធាវីប៉ុណ្ណោះ (មាត្រា១ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី)។ វិជ្ជាជីវៈមេធាវីស្ថិត នៅក្រោមការគ្រប់គ្រង និងត្រួតពិនិត្យរបស់គណៈមេធាវីដែលជាស្ថាប័នឯករាជ្យពី គណបក្សនយោបាយ អង្គការសាសនា ឬអង្គការនានាផ្សេងទៀត។(មាត្រា ១៣ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី)
ឯករាជ្យភាពនៃវិជ្ជាជីវៈមេធាវីមានន័យថា នៅពេលអនុវត្តវិជ្ជាជីវៈរបស់ខ្លួន មេធាវីម្នាក់ៗមិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ឬការណែនាំពីបុគ្គលណាម្នាក់ ឬពីស្ថាប័នណាមួយឡើយ រួមទាំងគណៈមេធាវីផងដែរ។ នៅក្នុងការប្រកបវិជ្ជាជីវៈ មេធាវីគ្រប់រូបត្រូវធ្វើឡើងដោយគោរពតាមច្បាប់ បទប្បញ្ញត្តិជាធរមាន និងវិធានវិជ្ជាជីវៈជាពិសេសត្រូវគោរពគោលការណ៍គ្រឹះ ហើយត្រូវបំពេញការងារតាមបច្ចេកទេស ជំនាញរបស់ខ្លួន ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់អតិថិជន ដោយមិនចំណុះនិងស្ថិតនៅក្រោមការជ្រៀតជ្រែករបស់ស្ថាប័ន ឬបុគ្គលណាមួយឡើយ។ មេធាវីអនុវត្តវិជ្ជាជីវៈដោយផ្អែកទៅលើជំនាញវិជ្ជាជីវៈរៀងៗខ្លួន ដោយអនុលោមតាម ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងក្រមសីលធម៌មេធាវី ដោយមិនអនុវត្តវិជ្ជាជីវៈទៅតាម ការណែនាំ ឬឥទ្ធិពលណាមួយឡើយ។ រីឯសេរីភាពនៃវិជ្ជាជីវៈមេធាវីមានន័យថា មេធាវីមានសេរីភាពពេញលេញក្នុង ការជ្រើសរើសទីកន្លែងប្រកបវិជ្ជាជីវៈ សេរីភាពទទួលឬមិនទទួលផ្តល់សេវាកម្មច្បាប់ ជូនអតិថិជន សេរីភាពក្នុងការកំណត់កម្រៃសេវា និងសេរីភាពក្នុងការជ្រើសរើស មធ្យោបាយបំពេញការងារជាដើម។
នៅគ្រប់កាលៈទេសៈ មេធាវីត្រូវគោរពពាក្យសម្បថរបស់ខ្លួន និងត្រូវគោរពគោលការណ៍នៃសម្បជញ្ញៈ មនុស្សធម៌ និងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈ។ មេធាវីមិនត្រូវ ចូលរួមសកម្មភាពដែលមានលក្ខណៈផ្ទុយនឹងច្បាប់ វិធានវិជ្ជាជីវៈ និងសម្បជញ្ញៈ របស់ខ្លួនឡើយ។(មាត្រា ៣ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី) មេធាវីមានតួនាទីការពារសិទ្ធិសេរីភាពរបស់បុគ្គល និងជួយពង្រឹងយុត្តិធម៌ សង្គម។ មេធាវីជាជំនួយការយុត្តិធម៌របស់សង្គម តែមិនមែនជាជំនួយការឱ្យតុលាការទេ។ នៅក្នុងករណីមេធាវីប្រព្រឹត្តបំពាននឹងវិធានវិជ្ជាជីវៈ មេធាវីនឹងត្រូវទទួលទណ្ឌកម្មពី ក្រុមប្រឹក្សាគណៈមេធាវី។
២- តម្លៃសីលធម៌នៃវិជ្ជាជីវៈមេធាវី
មេធាវីត្រូវអនុវត្តវិជ្ជាជីវៈរបស់ខ្លួនប្រកបដោយសេចក្តីថ្លៃថ្នូរ ដោយសតិសម្បជញ្ញៈ សេចក្តីទៀងត្រង់ មនុស្សធម៌ ស្មារតីឯករាជ្យ និងដោយគោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ មេធាវីត្រូវគោរពនិងប្រតិបត្តិនូវគោលការណ៍ សុចរិតភាព និងភាពស្មោះត្រង់ ។(មាត្រា ៣៤ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងមាត្រា៣ មាត្រា៦ នៃក្រមសីលធម៌មេធាវីឆ្នាំ២០១២)
មេធាវីមានបេសកកម្មចូលរួមក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុត្តិធម៌សង្គម និង ការពារសិទ្ធិមនុស្ស។(មាត្រា ៤ នៃក្រមសីលធម៌មេធាវីឆ្នាំ២០១២)

ផ្នែកទី ២- វិសមិតភាពនិងឯកាធិភាពនៃវិជ្ជាជីវៈមេធាវី
១- វិសមិតភាព
វិជ្ជាជីវៈមេធាវីមានវិសមិតភាពជាមួយនឹងមុខងារសាធារណៈ និងការប្រកប មុខរបរពាណិជ្ជកម្មទោះការប្រកបនោះដោយប្រយោលក្តី ឬដោយផ្ទាល់ក្តី។ មេធាវីដែលបានទទួលតួនាទីក្នុងរាជរដ្ឋាភិបាល ឬទទួលអាណត្តិជាអ្នកតំណាងរាស្ត្រនៃ រដ្ឋសភា អាចនៅជាសមាជិកនៃគណៈមេធាវីបាន ប៉ុន្តែត្រូវឈប់ប្រកបវិជ្ជាជីវៈនេះ រហូតដល់ចប់តួនាទីឬអាណត្តិនោះ។(មាត្រា ៥៣ និង៥៤ នៃច្បាប់ស្តីពីលក្ខនិ្តកៈមេធាវី)
ច្បាប់ស្តីពីលក្ខន្តិកៈមេធាវីហាមឃាត់ មិនឱ្យមេធាវីធ្វើការងារនៅក្នុងក្របខណ្ឌ មុខងារសាធារណៈ ប្រកបមុខរបរពាណិជ្ជកម្ម ឬបំពេញតួនាទីក្នុងរាជរដ្ឋាភិបាល ឬទទួលអាណត្តិជាអ្នកតំណាងរាស្ត្រនៃរដ្ឋសភា ក្នុងពេលតែមួយជាមួយវិជ្ជាជីវៈ មេធាវីឡើយ។
ចំពោះក្របខណ្ឌមុខងារសាធារណៈ បច្ចុប្បន្នគណៈមេធាវីបានកំណត់ថា លុះត្រាតែបុគ្គលរូបនោះមានក្របខណ្ឌក្នុងមុខងារសាធារណៈរួមមាន ជាមន្ត្រីរាជការ ស៊ីវិល ជាយោធិន ជានគរបាលជាតិ ឬជាមន្ត្រីរាជការក្នុងក្របខណ្ឌតុលាការ ឬជាមន្ត្រីរាជការក្នុងក្របខណ្ឌអង្គការនីតិប្បញ្ញត្តិ ដែលបំពេញការងារក្នុងប្រយោជន៍ សាធារណៈ ហើយដែលមានសិទ្ធិទទួលបានប្រាក់សោធននិវត្សន៍។ ចំពោះទីប្រឹក្សា របស់រាជរដ្ឋាភិបាលឬក្រសួង ស្ថាប័នរដ្ឋ ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមមេធាវីរាជរដ្ឋាភិបាលមិនរាប់បញ្ចូលជាវិសមតិភាពឡើយ ទោះបីជាពួកគាត់ទទួលបានប្រាក់បំណាច់ ប្រចាំខែនិងបានបំពេញការងារក្នុងប្រយោជន៍សាធារណៈក្តី ពីព្រោះពួកគាត់ពុំមាន ប្រាក់សោធននិវត្សន៍ឡើយ។ ដោយឡែកច្បាប់លក្ខន្តិកៈស្តីពីមេធាវី ក្រៅពីការ កំណត់ចំពោះតួនាទីជាសមាជិករដ្ឋសភាត្រូវមានវិសមិតភាព ច្បាប់នេះពុំបានកំណត់ អំពីប្រភេទនៃពលរដ្ឋទទួលអាណត្តិសាធារណៈ ដោយការបោះឆ្នោតផ្សេងទៀត ដូចជា សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ ជាតួនាទីដែលត្រូវមានវិសមិតភាពទេ។ ដូច្នេះ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្រុមប្រឹក្សាឃុំ សង្កាត់ ពុំបានរាប់បញ្ចូលជាតួនាទីដែលមាន វិសមតិភាពផងដែរ។
ចំពោះអ្នកមានតួនាទីក្នុងរាជរដ្ឋាភិបាល បច្ចុប្បន្នគណៈមេធាវីបានកំណត់ថា លុះត្រាតែបុគ្គលនោះជាសមាជិករាជរដ្ឋាភិបាល។
១.១- ការដាក់នៅក្រៅបញ្ជីគណៈមេធាវី
ប្រសិនបើមេធាវីរូបណាចង់បំពេញការងារ ឬតួនាទីដែលមានវិសមិតភាព មេធាវីរូបនោះចាំបាច់ត្រូវឈប់ប្រកបវិជ្ជាជីវៈមេធាវី ដោយស្នើសុំនៅក្រៅបញ្ជីនៃ គណៈមេធាវី សម្រាប់រយៈពេល ២ ឆ្នាំម្តងៗជាអតិបរមា។(មាត្រា ៤០ នៃច្បាប់ស្តីពីលក្ខនិ្តកៈមេធាវី) ការសម្រេចដាក់មេធាវីណាម្នាក់នៅក្រៅបញ្ជីគណៈមេធាវី ជាសមត្ថកិច្ចរបស់ ក្រុមប្រឹក្សាគណៈមេធាវី។
ក្រុមប្រឹក្សាគណៈមេធាវី សម្រេចដាក់មេធាវីឱ្យនៅក្រៅបញ្ជីគណៈមេធាវី ប្រសិនបើមេធាវីនោះស្ថិតនៅក្នុងស្ថានភាពវិសមិតភាព ឬបើមេធាវីនោះពុំអាចប្រកប វិជ្ជាជីវៈរបស់ខ្លួនបាន ទោះបីជាសាមីខ្លួនពុំបានដាក់ពាក្យសុំនៅក្រៅបញ្ជីក្តី។(មាត្រា ៤១ នៃច្បាប់ស្តីពីលក្ខនិ្តកៈមេធាវី)
ក្រៅពីមូលហេតុវិសមិតភាព មេធាវីដែលមានមូលហេតុសមស្របផ្សេងទៀត ដូចជាមានជំងឺ ត្រូវបន្តការសិក្សា ត្រូវទៅបំពេញការងារផ្សេងទោះបីជាការងារនោះពុំ មានវិសមិតភាពក្តី អាចស្នើសុំនៅក្រៅបញ្ជីគណៈមេធាវីបាន។
១.២- ការដាក់ឱ្យស្ថិតក្នុងស្ថានភាពមេធាវីសុំមិនប្រកបវិជ្ជាជីវៈមេធាវី
មេធាវីដែលបានទទួលតួនាទីក្នុងរាជរដ្ឋាភិបាល ឬទទួលអាណត្តិជាអ្នក តំណាងរាស្ត្រនៃរដ្ឋសភា ត្រូវសុំឈប់ប្រកបវិជ្ជាជីវៈ។ ទោះបីជាច្បាប់បានកំណត់ថា ការសុំឈប់ប្រកបវិជ្ជាជីវៈរហូតដល់ចប់តួនាទីឬអាណត្តិក្តី ក៏ការអនុវត្តជាក់ស្តែង គណៈមេធាវីបានកំណត់រយៈពេលអតិបរមា ២ឆ្នាំ សម្រាប់ការឈប់ប្រកបវិជ្ជាជីវៈ ដូចមានកំណត់ក្នុងមាត្រា៥៣ កថាខណ្ឌទី២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ឱ្យដូចគ្នា នឹងការដាក់ឱ្យនៅក្រៅបញ្ជីគណៈមេធាវីដែរ។ លើសពីនេះ ដើម្បីជៀសវាង ការភាន់ច្រឡំជាមួយការស្នើសុំឈប់ប្រកបវិជ្ជាជីវៈមេធាវី (ស្នើសុំលុបឈ្មោះចេញពី បញ្ជីគណៈមេធាវី) ទើបគណៈមេធាវីបានប្រើពាក្យដាក់ឱ្យស្ថិតក្នុងស្ថានភាពមេធាវី សុំមិនប្រកបវិជ្ជាជីវៈមេធាវីជំនួសវិញ។
ស្ថានភាពមេធាវីមិនប្រកបវិជ្ជាជីវៈបានដែរ។ ម៉្យាងទៀត ចំពោះមេធាវីរូបណាចង់បំពេញការងារក្នុងក្របខណ្ឌមុខងារ សាធារណៈ ឬប្រកបមុខរបរពាណិជ្ជកម្ម មេធាវីរូបនោះក៏អាចស្នើសុំស្ថិតក្នុងការសម្រេចដាក់មេធាវីណាម្នាក់ស្ថិតក្នុងស្ថានភាពជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈ ជាសមត្ថកិច្ចរបស់ប្រធានគណៈមេធាវី។
ក្រៅពីមូលហេតុវិសមិតភាព មេធាវីដែលមានមូលហេតុសមស្រប ដូចជា មានជំងឺ ត្រូវទៅបំពេញការងារផ្សេងទោះបីជាការងារនោះពុំមានវិសមិតភាពក្តី ត្រូវទៅ បន្តការសិក្សា ក៏អាចស្នើសុំស្ថិតក្នុងស្ថានភាពមេធាវីមិនប្រកបវិជ្ជាជីវៈបានដែរ។
២- ឯកាធិភាពនៃវិជ្ជាជីវៈមេធាវី
២.១-ការហាមឃាត់បុគ្គលដែលមិនមែនជាមេធាវីក្នុងការអនុវត្តវិជ្ជាជីវៈ
ក្រៅពីមេធាវីដែលជាសមាជិកនៃគណៈមេធាវី គ្មានជនណាម្នាក់អាចប្រកប មុខរបរយកកម្រៃពីអតិថិជន ក្នុងការពិគ្រោះច្បាប់ ការតាក់តែងលិខិតស្នាមគតិយុត្ត ឬការតំណាងតាមផ្លូវច្បាប់បានឡើយ លើកលែងតែកិច្ចការទាំងនោះជាការងារ បន្ទាប់បន្សំនៃមុខរបររបស់ខ្លួន ឬជាមុខងារដែលច្បាប់បានអនុញ្ញាត។(មាត្រា ៤ នៃច្បាប់ស្តីពីលក្ខនិ្តកៈមេធាវី)
ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកដែលបានបញ្ចប់ការសិក្សាផ្នែកច្បាប់ សាស្ត្រាចារ្យច្បាប់ និងអ្នកជំនាញផ្នែកច្បាប់ដទៃទៀត មិនត្រូវបានហាមឃាត់ក្នុង ការធ្វើជាទីប្រឹក្សា ជំនួយការ ឬលេខាធិការរបស់មេធាវីឡើយ។ ច្បាប់ក៏មិនបាន ហាមឃាត់បុគ្គលទាំងនោះ ក្នុងការធ្វើការងារស្រាវជ្រាវលើប្រធានបទដែលពាក់ព័ន្ធ នឹងច្បាប់ ឬបោះពុម្ពសៀវភៅច្បាប់ ឬអត្ថបទដែលធ្វើការពន្យល់ បកស្រាយច្បាប់ និងបទប្បញ្ញត្តិដែរ។ អ្នកទាំងនេះមិនអាចបើកការិយាល័យពិគ្រោះយោបល់ច្បាប់ ដោយឯករាជ្យបានឡើយ។ ពួកគេអាចនៅធ្វើជាទីប្រឹក្សា ឬជំនួយការឱ្យការិយាល័យ មេធាវីណាមួយបាន។ ក្រៅពីនេះនៅក្នុងក្រមរដ្ឋប្បវេណី បានកំណត់ឱ្យមាន សារការីជាអ្នកមានសិទ្ធិក្នុងការធ្វើលិខិតយថាភូត នៅក្នុងប្រតិបត្តិការមួយចំនួននៅ ក្នុងសកម្មភាពរដ្ឋប្បវេណី។ តែសារការីមិនអាចធ្វើការការពារកូនក្តី ឬតំណាងដោយ អាណត្តិ ឱ្យកូនក្តីនៅចំពោះមុខស្ថាប័នមានសមត្ថកិច្ចឬតុលាការបានទេ។ ទោះបីជា ក្រមរដ្ឋប្បវេណីបានកំណត់ពីមុខងាររបស់សារការីខ្លះហើយក៏ដោយ ក៏វិជ្ជាជីវៈមួយ នេះមិនទាន់មានលក្ខន្តិកៈរបស់ខ្លួន ឬបទដ្ឋានគតិយុត្តផ្សេងទៀតដើម្បីគ្រប់គ្រង និង កំណត់ពីការរៀបចំនិងការប្រព្រឹត្តទៅនៃវិជ្ជាជីវៈនេះឱ្យបានច្បាស់លាស់នៅឡើយទេ។

២.២- ការកំណត់ពីការអនុវត្តវិជ្ជាជីវៈរបស់មេធាវីបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា
មេធាវីបរទេសដែលជាសមាជិកនៃគណៈមេធាវីនៃប្រទេសក្រៅ អាចប្រកប វិជ្ជាជីវៈនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាបាន លុះត្រាតែមានការយល់ព្រមពី ក្រុមប្រឹក្សាគណៈមេធាវីកម្ពុជា។ ការអនុញ្ញាតឱ្យប្រកបវិជ្ជាជីវៈនេះ ផ្អែកលើ លក្ខណសម្បត្តិគ្រប់គ្រាន់របស់មេធាវីនោះ ហើយលុះត្រាតែប្រទេសដើមរបស់មេធាវី បរទេសនោះ ផ្តល់លទ្ធភាពដូចគ្នាដល់មេធាវីខ្មែរផងដែរ (គោលការណ៍បដិកា)។(មាត្រា ៦ នៃច្បាប់ស្តីពីលក្ខនិ្តកៈមេធាវី) មេធាវីបរទេសមិនអាចតំណាងកូនក្តីនៅក្នុងតុលាការ ឬស្ថាប័នដទៃទៀតរបស់ ព្រះរាជាណាចក្រកម្ពុជាបានឡើយ ប៉ុន្តែមេធាវីទាំងនោះអាចអមមេធាវីខ្មែរនៅ ចំពោះមុខតុលាការ ឬស្ថាប័នដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជាបាន។(មាត្រា ៥ និង ៦ នៃច្បាប់ស្តីពីលក្ខនិ្តកៈមេធាវី)
មេធាវីបរទេស ក៏ដូចជាមេធាវីខ្មែរដែរ គឺមិនអាចធ្វើសកម្មភាពទាក់ទាញកូនក្តី ឬ ផ្សព្វផ្សាយពាណិជ្ជកម្មបានឡើយ។(មាត្រា ៧ នៃច្បាប់ស្តីពីលក្ខនិ្តកៈមេធាវី)
គណៈមេធាវីបានចេញសេចក្តីសម្រេចលេខ ០០៤/សសគម/១៦ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងការប្រកបវិជ្ជាជីវៈមេធាវីរបស់មេធាវីបរទេស ដើម្បីកំណត់អំពីគោលការណ៍ លក្ខខណ្ឌ វិសាលភាព និងទម្រង់នៃការប្រកបវិជ្ជាជីវៈ មេធាវីរបស់មេធាវីបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សេចក្តីសម្រេចនេះ មានវិសាលភាពអនុវត្តចំពោះគ្រប់មេធាវីបរទេស និងក្រុមហ៊ុនមេធាវីបរទេស ទាំងអស់ ដែលមានបំណងប្រកបវិជ្ជាជីវៈមេធាវីនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែមេធាវីបរទេសដែលបម្រើការងារនៅក្នុងអង្គជំនុំជម្រះវិសាមញ្ញនៅក្នុង តុលាការកម្ពុជា។ សេចក្តីសម្រេចបានចែងកំណត់ជាអាទិ៍ អំពីការចុះបញ្ជី និងការន ប្រកបវិជ្ជាជីវៈមេធាវីរបស់មេធាវីបរទេស ទម្រង់នៃការប្រកបវិជ្ជាជីវៈមេធាវីរបស់មេធាវីបរទេស និងការចុះបញ្ជីក្រុមហ៊ុនមេធាវីបរទេស និងក្រុមហ៊ុនមេធាវីចម្រុះ ខ្មែរ-បរទេស ការព្យួរ ការដកវិញ្ញាបនបត្រប្រកបវិជ្ជាជីវៈមេធាវីបរទេស និងវិញ្ញាបនបត្រ ចុះបញ្ជីក្រុមហ៊ុនមេធាវីបរទេស ក្រុមហ៊ុនមេធាវីចំរុះខ្មែរ-បរទេស និងការលុបឈ្មោះ មេធាវីបរទេស ការគ្រប់គ្រង និងការត្រួតពិនិត្យ ការប្រកបវិជ្ជាជីវៈមេធាវីរបស់មេធាវី បរទេស និងកម្រៃសេវាក្នុងការចុះបញ្ជី។
សេចក្តីសម្រេចនេះ ពុំទាន់អនុវត្តបាននៅឡើយ ដោយសាររបាំងនៃ គោលការណ៍បដិកា។(ប្រការ៥ ចំណុចទី២ នៃសេចក្តីសម្រេច ០០៤/សសគម/១៦ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងការប្រកបវិជ្ជាជីវៈមេធាវីបរទេស)៕
លោកប្រធានាធីបតីត្រាំ និយាយថា កងកម្លាំងសហរដ្ឋអាមេរិកចាប់វាយប្រហារទៅលើក្រុម ISIS នៅក្នុង នីហ្គឺរៀ
26 ធ្នូ 2025
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងរដ្ឋចំនួន៦ ជុំវិញបញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោត
27 កញ្ញា 2025
ឈ្វេងយល់អំពី ការបង្កើតអាពាហ៍ពិពាហ៍
21 កញ្ញា 2025
តើអ្វីទៅជា ប្រទានកម្ម អច្ច័យទាន សន្តតិកម្ម មតកសាសន៍?
18 កញ្ញា 2025
កម្មវិធីយល់ដឹងពីច្បាប់ "បណ្តឹងតប"
18 សីហា 2025