18 កញ្ញា 2025
ការភ័ន្តច្រឡំ អំពីការឱ្យនិយមន័យទៅលើបញ្ហា ប្រទានកម្ម អច្ច័យទាន សន្តតិកម្ម និងមតកសាសន៍ បានក្លាយទៅជាបញ្ហាចោទមួយសម្រាប់អ្នកសិក្សាគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺសិស្សនិស្សិតដែលកំពុងសិក្សាផ្នែកនីតិសាស្រ្ត និងប្រជាពលរដ្ឋទូទៅផងដែរ។ នៅក្នុងបញ្ហានេះដែរឃើញថា រូបភាពជាក់ស្តែងពាក់ព័ន្ធនឹងជីវិភាពរស់នៅសព្វថ្ងៃរបស់ប្រជាជនខ្មែរ បានឆ្លុះបញ្ជាំងអំពីទិដ្ឋភាពនៃការអនុវត្តច្បាប់ស៊ីវិលមួយ ថាតើច្បាប់នេះមានប្រសិទ្ធិភាពកម្រិតណាដល់ប្រយោជន៍នៃការរស់នៅរបស់ប្រជាជាតិខ្មែរយើង។ ទំនាក់ទំនងនៃជីវិភាពគ្រួសារ ទំនាក់ទំនងញាតិ ការបែងចែក ឬចាត់ចែងទ្រព្យសម្បត្តិ ទៅកាន់មនុស្សក្នុងគ្រួសារ គឺជាទំនាក់ទំនងនៃសិទ្ធិលើបេតិកភណ្ឌគ្រួសារ ដែលយើងឃើញថាក្រមរដ្ឋប្បវេណីត្រង់គន្ថីទី៧ និងទី៨ បានប្បញ្ញត្តិអំពីសិទ្ធិនៃទំនាក់ទំនងគតិយុត្តិនានា ពាក់ព័ន្ធនឹងរបបនៃបេតិកភណ្ឌគ្រួសារនេះឯង។ យើងនិយាយបែបនេះច្បាស់ណាស់ថា ប្រជាពលរដ្ឋទូទៅពិបាកនឹងស្វែងយល់ណាស់អំពីពាក្យបច្ចេកសព្ទគតិយុត្តិ ដូចនេះដើម្បីបានជាប្រយោជន៍នៃការចែករំលែកចំណេះដឹងប្រជាពលរដ្ឋខ្មែរទូទៅបានយល់ នោះក្រុមការងារអាជ្ញាក្រម ព្យាយាមស្រាវជ្រាវសរសេរជាអត្ថបទដែលមានខ្លឹមសារបង្ហាញដូចខាងក្រោម៖
១.ប្រទានកម្ម
ប្រទានកម្ម ជាកិច្ចសន្យា ដែលភាគីម្ខាងបង្ហាញឆន្ទៈផ្តល់ឱ្យទៅភាគីម្ខាងទៀត នូវទ្រព្យសម្បត្តិដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួលយក។(មាត្រា ៥៦៨ នៃក្រមរដ្ឋប្បវេណី)
ប្រទានកម្ម សំដៅទៅលើកិច្ចសន្យាមួយ ដែលត្រូវមានអានុភាព ដោយភាគីម្ខាងបង្ហាញឆន្ទៈ ផ្តល់ទៅឱ្យភាគីម្ខាងទៀតនូវទ្រព្យសម្បត្តិ ដោយមិនយកថ្លៃ ហើយភាគីម្ខាងទៀតយល់ព្រមទទួល ។ ក្រមរដ្ឋប្បវេណីសង្គមចាស់ ១៩២០ មាត្រា ១២៩៤ បានអោយអត្ថន័យ ប្រទានកម្ម ជាកិច្ច សន្យាមួយដែលជនម្នាក់ហៅថាអ្នកឲ្យ ឬ ទាយកឲ្យនូវវត្ថុអ្វីមួយដាច់ ឥតរើរុសទៅជនម្នាក់ហៅថា អ្នកទទួល ឬ បដិគ្គាហកដែលព្រមយកវត្ថុនោះ ។
ឧទាហរណ៍ទី១. ម្តាយបានឱ្យម៉ូតូមួយគ្រឿងដល់កូន ហើយកូនបានយល់ព្រមទទួលយក ។ ដូចនេះម៉ូតូជាកម្មវត្ថុនៃប្រទានកម្ម។
ឧទាហរណ៍ទី២. លោក ពិសាល បានជូនកាដូ ជាកាបូបម៉ាក LV ដល់មិត្តស្រីខ្លួន ហើយមិត្តស្រីរបស់លោកពិសាល យល់ព្រមទទួលយកដោយសប្បាយចិត្តជាខ្លាំង។ ដូចនេះកាបូបម៉ាក LV កម្មវត្ថុនៃប្រទានកម្មរបស់លោក ពិសាល ជូនសង្សារ។
ត្រង់ចំណុចនេះបង្ហាញឱ្យឃើញថា ប្រទានកម្មកើតមានអានុភាពដោយសកម្មភាព ភាគីឱ្យអំណោយ(ទាយក) ហើយ ភាគីទទួលយកអំណោយ(បដិគាហក) បើអ្នកឱ្យអំណោយហើយអ្នកទទួលមិនព្រមទទួលយកនោះប្រទានកម្មក៏មិនកើតមានអានុភាពបានដែរ។
ខ្លឹមសារសំខាន់ៗនៃប្រទានកម្ម ឃើញថាមានចែងយ៉ាងច្បាស់នៅក្នុងក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីមាត្រា ៥៦៨ ដល់មាត្រា ៥៧៧ នៃក្រមរដ្ឋប្បវេណី។

២.អច្ច័យទាន
អច្ច័យទាន គឺជាប្រទានកម្មដែលម្ចាស់បណ្តាំធ្វើទៅឱ្យមនុស្សម្នាក់ ឬច្រើននាក់នូវទ្រព្យសម្បត្តិរបស់ខ្លួនតាមរយៈមតកសាសន៍។ អច្ច័យទាន ជារបបមួយដែលមានលក្ខណៈប្រហាក់ប្រហែលនឹងប្រទានកម្មដែរ ប៉ុន្តែអច្ច័យទាន គឺជាការផ្ទេរទ្រព្យសម្បត្តិតាមរយៈសកម្មភាពឯកតោភាគីរបស់ម្ចាស់បណ្តាំ ដូច្នេះវាមានភាពខុសគ្នាជាមួយប្រទានកម្មនៅត្រង់ថា ប្រទានកម្មធ្វើឡើងតាមរយៈកិច្ចសន្យា។ ភាពខុសគ្នាមួយទៀតគឺ អច្ច័យទាន មានអានុភាពអនុវត្តទៅបាននៅពេលម្ចាស់បណ្តាំបានទទួលមរណភាព(មាត្រា ១១៩៤ កថាខណ្ឌទី១ នៃក្រមរដ្ឋប្បវេណី)
ផ្អែកតាមការឱ្យនិយមន័យ មាត្រា ១១៩៩ បានកំណត់អំពីប្រភេទនៃអច្ច័យទាន ដែលបានបែងចែកជាពីរប្រភេទគឺ អច្ច័យទានសកល និងអច្ច័យទានមានកំណត់ ។
ឧទាហរណ៍៖ លោក ចំណាប់ មានមត៌កជាផ្ទះល្វែងមួយល្វែង ដីចម្ការមួយកន្លែង និងប្រាក់នៅធនាគារចំនួន ២០០០០ ដុល្លាអាមេរិក។ ក្រោយមកលោក ចំណាប់ បានបែកចែកមត៌កនេះឱ្យទៅកូន៣នាក់របស់គាត់ ដោយកូនទី១ ទទួលបានផ្ទះល្វែង កូនទី២ទទួលបានដីចម្ការ និងកូនទី៣ទទួលបានប្រាក់នៅធនាគារ ២០០០០ ដុល្លាអាមេរិក ។
ត្រង់ចំណុចនេះបញ្ជាក់ឱ្យឃើញថា លោក ចំណាប់ បានធ្វើការផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួនដោយម្នាក់ឯង(សកម្មភាពឯកតោភាគី) មិនចាំបាច់កូនឆ្លើយថាទទួលឬក៏អត់នោះទេ ហើយទ្រព្យសម្បត្តិទាំងនោះនឹងត្រូវធ្វើការបែងចែកឱ្យដល់កូនទាំង៣នាក់នោះ នៅពេលគាត់ស្លាប់។

៣.សន្តតិកម្ម
សន្តតិកម្ម ជាការផ្ទេរនូវបេតិកភ័ណ្ឌរបស់មតកជន ឱ្យទៅអ្នករស់ម្នាក់ ឬច្រើននាក់តាមឆន្ទៈ ឬតាមច្បាប់។ ហើយសន្តតិកម្មត្រូវចាប់ផ្តើមដោយមរណភាពរបស់មតកជន(បុគ្គលធ្វើបណ្តាំមត៌ក)។
សន្តតិកម្ម ជាការផ្ទេរនូវសិទ្ធិ និងករណីកិច្ចរបស់មតកជនទៅឱ្យសន្តតិជនម្នាក់ ឬច្រើននាក់ តាមឆន្ទៈ ឬតាមច្បាប់។
ផ្អែកតាមក្រមរដ្ឋប្បវេណី មាត្រា ១១៤៥ កថាខណ្ឌទី២ បានបែងចែកសន្តតិកម្មជាពីរប្រភេទគឺ សន្តតិកម្មតាមច្បាប់ និងសន្តតិកម្មមានបណ្តាំ ។
ឧទាហរណ៍៖ អ្នកស្រី “ក” បានសរសេរលិខិតបណ្តាំមត៌កមួយទុកឱ្យកូនចំនួន ២នាក់ នេះហៅថា “សន្តតិកម្មមានបណ្តាំ” ។ ប៉ុន្តែក្នុងករណីដែលលោកស្រី “ក” មិនបានធ្វើលិខិតបណ្តាំមត៌កអ្វីទុកធ្វើការបែងចែកទេ គឺទ្រព្យសម្បត្តិរបស់លោកស្រី “ក” ដែលមានក្រោយស្លាប់ត្រូវយកមកធ្វើការបែងចែកតាមច្បាប់ (តាមលំដាប់សន្តតិជន) នេះហៅថា “សន្តតិកម្មតាមច្បាប់” ។
សម្គាល់៖ អ្នកស្លាប់ដែលបានបន្សល់ទុកមត៌ក ហៅថា “មតកជន” , អ្នកមានសិទ្ធិទទួលមត៌ក ហៅថា “សន្តតិជន” ។

៤.មតកសាសន៍
មតកសាសន៍ គឺជាលិខិតបណ្តាំ ដែលបុគ្គលម្នាក់បានធ្វើឡើងតាមទម្រង់ ដែលកំណត់ដោយច្បាប់ ដើម្បីសម្តែងឆន្ទៈចុងក្រោយ អំពីការចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនជាអាទិ៍ បន្ទាប់ពីមរណភាព។
ឧទាហរណ៍៖ លោកស្រី ធីតា បានធ្វើបណ្តាំមត៌កតាមលិខិតបណ្តាំ ដើម្បីបែងចែកទ្រព្យទុកឱ្យកូនៗរបស់គាត់ចំនួន ៥នាក់។
លោកប្រធានាធីបតីត្រាំ និយាយថា កងកម្លាំងសហរដ្ឋអាមេរិកចាប់វាយប្រហារទៅលើក្រុម ISIS នៅក្នុង នីហ្គឺរៀ
26 ធ្នូ 2025
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងរដ្ឋចំនួន៦ ជុំវិញបញ្ហាបញ្ជីឈ្មោះអ្នកបោះឆ្នោត
27 កញ្ញា 2025
ឈ្វេងយល់អំពី ការបង្កើតអាពាហ៍ពិពាហ៍
21 កញ្ញា 2025
តើអ្វីទៅជា ប្រទានកម្ម អច្ច័យទាន សន្តតិកម្ម មតកសាសន៍?
18 កញ្ញា 2025
កម្មវិធីយល់ដឹងពីច្បាប់ "បណ្តឹងតប"
18 សីហា 2025